មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀនអន្តរទ្វីប អាមេរិកាំង សហការជាមួយមូលនិធិ ម៉េងលី ជេ. គួច ធ្វើទស្សនកិច្ចសប្បុរសធម៌ទៅកាន់សាលាបឋមសិក្សា ហ៊ុន សែន រុនតាឯក

នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង បានសហការជាមួយមូលនិធិ ម៉េងលី ជេ. គួច ធ្វើទស្សនកិច្ចសប្បុរសធម៌ទៅកាន់សាលាបឋមសិក្សា ហ៊ុន សែន រុនតាឯក ស្ថិតក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលជាខេត្តដ៏ស្រស់ស្អាតរបស់យើង។ យើងមានសេចក្តីសោមនស្សរីករាយ និងសូមប្រកាសជាសាធារណៈថា យើងបានបរិច្ចាគសម្ភារសិក្សាចំនួន៤០០កញ្ចប់ បង់អង្គុយចំនួន ៥ ដាំដើមឈើចំនួន ២០០ និងផ្តល់អាហារចំនួន៤០០កញ្ចប់ដល់សិស្សានុសិស្សដែលទន្ទឹងរង់ចាំជំនួយរបស់យើង។ សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ នឹងផ្តល់ជំនួយរបស់ម្ចាស់ឧបត្ថម្ភ និងអ្នកចូលរួមដ៏សប្បុរសរបស់យើង។ ជំនួយទាំងនោះពិតជាបាននាំមកនូវសេចក្តីត្រេកអរជាពន់ពេក និងបានបំពេញតម្រូវការ ព្រមទាំងផ្តល់សេចក្តីសប្បាយរីករាយ ដែលបានដក់ជាប់ក្នុងចិត្តរបស់មនុស្សគ្រប់រូប។ យើងនឹងបង្កើតព្រឹត្តិការណ៍សប្បុរសធម៌ដ៏អស្ចារ្យនេះម្តងទៀតក្នុងពេលខាងមុខដ៏ឆាប់ៗនេះ។

មូលនិធិ ម៉េងលី ជេ. គួច បានកំពុងពង្រីកសកម្មភាពរបស់ខ្លួនដើម្បីជួយដល់ជនក្រីក្រ និងអ្នកខ្វះខាតឱ្យបានកាន់តែច្រើនបន្ថែមទៀត។ អំណោយដែលបានផ្តល់ឱ្យពួកគាត់ អាចជួយស្តារជីវភាពឡើងវិញ និងបន្តជីវិតរបស់ពួកគាត់។ អ្នកទទួលអំណោយទាំងអស់នោះ បានបង្ហាញទឹកមុខសប្បាយរីករាយខ្លាំងណាស់ ហើយមូលនិធិ ម៉េងលី ជេ. គួច មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើសកម្មភាពផ្តល់ជំនួយដល់ជនងាយរងគ្រោះទាំងនោះ។

សេវាកម្មសប្បុរសធម៌របស់មូលនិធិ ម៉េងលី ជេ. គួច គឺជាការផ្តួចផ្តើមមួយដែលកំពុងតែមានសកម្មភាពជាបន្តបន្ទាប់ ដើម្បីជួយប្រជាជនក្រីក្រ តាមរយៈការផ្តល់ជំនួយដល់ប្រជាជន ដែលមានជីវភាពខ្វះខាត។  មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តឆ្លើយតបក្នុងសកម្មភាពអភិវឌ្ឍនៅតាមជនបទ និងតំបន់ដាច់ស្រយាលនានា។  ពួកយើងមានឈាមជ័រតែមួយ ហេតុនេះពួកយើងទាំងអស់គ្នាចង់បង្ហាញដល់មនុស្សជំនាន់ក្រោយៗឱ្យបានឃើញថា ពួកយើងអាចជួយគ្នា ដើម្បីសេចក្តីសុខរបស់មនុស្សគ្រប់គ្នាទាំងពេលបច្ចុប្បន្ន និងទៅអនាគត។