គម្រោងសាងសង់សាលារដ្ឋ ម៉េងលី ជេ. គួច

ការពង្រឹងបរិយាកាសសិក្សារៀនសូត្រ ត្រូវបានគេចាត់ទុកថាជាសសរស្តម្ភទី ៤ ក្នុងចក្ខុវិស័យសម្រាប់កំណែទម្រង់វិស័យអប់រំនៅកម្ពុជា។ ការសាងសង់អគារសិក្សាបន្ថែមគឺជាផ្នែកដ៏សំខាន់មួយនៃការពង្រីកលទ្ធភាពទទួលបានការអប់រំ ដើម្បីកែលម្អបរិយាកាសសិក្សារៀនសូត្ររបស់សិស្សានុសិស្ស។ យោងតាមសន្និសីទរបស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០១៦ អគារសិក្សាប្រមាណ ៥,០០០អគារត្រូវការការជួសជុលនិងកែលម្អជាបន្តបន្ទាប់។ ក្រសួងអប់រំបានអំពាវនាវដល់រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធនានាឱ្យជួយសាងសង់អគារសិក្សាជូនសាលារៀន ដែលជាគ្រឹះស្ថានសិក្សារបស់រដ្ឋ។ ទន្ទឹមនឹងនេះ មូលនិធិ ម៉េងលី ជេ. គួច បានរៀបចំផែនការយុទ្ធសាស្រ្តរបស់ខ្លួន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍវិស័យអប់រំ ស្របតាមកំណែទម្រង់ស៊ីជម្រៅរបស់រដ្ឋាភិបាល ដោយមូលនិធិ ម៉េងលី ជេ. គួច គ្រោងនឹងសាងសង់សាលារៀន និងបង្កើតមូលដ្ឋានគ្រឹះដ្ឋានអប់រំនៅតាមខេត្តដាច់ស្រយាលដែលកំពុងមានតម្រូវការជំនួយឧបត្ថម្ភនៅក្នុងប្រទេសកម្ពុជា ដោយមួយខេត្តឱ្យបានយ៉ាងតិចបំផុតមួយសាលា។

នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០០៨ មូលនិធិ ម៉េងលី ជេ. គួច បានសាងសង់អគារសិក្សាសាលារដ្ឋ ជូនសាលាបឋមសិក្សា ថ្មកង្កែប គួចប៉េងសាំង ងិនហួយ ក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង រួមមានអគារសិក្សាថ្មី១ខ្នងមាន៨បន្ទប់ និងជួសជុលអគារចាស់១ខ្នងមាន៨បន្ទប់ សាងសង់បន្ទប់ទឹកចំនួន២ខ្នងមាន៤បន្ទប់ និងសាងសង់ទីធ្លាខាងមុខថ្នាក់សិក្សាចំនួន១ រួមជាមួយការសាងសង់ខ្លោងទ្វារចំនួន១ ដោយចំណាយថវិកាសរុបចំនួន១២៧,៥៨៨.៤៥ដុល្លារ។ នៅថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ ២០១៦ គម្រោងសាងសង់សាលារដ្ឋ ម៉េងលី ជេ. គួច បានសម្ពោធជាផ្លូវការនូវអគារសិក្សា១ខ្នងមាន២ជាន់ មាន៤បន្ទប់ ជូនដល់សាលាបឋមសិក្សា គួច ម៉េងលី ទួលបេង ស្ថិតនៅភូមិទួលបេង ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយចំណាយថវិកាសរុបចំនួន ១១០,០០០ ដុល្លារអាមេរិក។ រហូតមកដល់ពេលនេះ បានអនុវត្តចំនួន ៨លើក និងមានអ្នកទទួលផលចំនួន ៥,២៦៦នាក់ ហើយសម្រាប់ផែនការបន្ត មូលនិធិ ម៉េងលី ជេ. គួច មានគម្រោងសាងសង់អគារសិក្សាជូនសាលារដ្ឋឱ្យបានយ៉ាងហោចណាស់១ខេត្តបាន១សាលានៅទូទាំងប្រទេសកម្ពុជា។