គម្រោងសាងសង់ហេដ្ឋារចនាសម្ពន្ធសហគមន៍
ដើមឡើយគម្រោងនេះមានឈ្មោះថា គម្រោងសេវា សហគមន៍ ដែលត្រូវបានបង្កើតឡើងក្នុងអំឡុងឆ្នាំ២០០៤។ ប៉ុន្តែក្នុងឆ្នាំ២០១៩ ក្រុមការងារអង្គការមូលនិធិ ម៉េងលី ជេ. គួច បានសិក្សា និងផ្លាស់ប្តូរឈ្មោះគម្រោង សេវាសហគមន៍ ទៅជាគម្រោងថ្មី១ទៀត គឺគម្រោង សាងសង់ហេដ្ឋារចនាសម្ព័ន្ធសហគមន៍ និងត្រូវបានអនុម័តឱ្យប្រើជាផ្លូវការដោយលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី នាយកប្រតិបត្តិ នៃមូលនិធិ ម៉េងលី ជេ. គួច នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩។
ចាប់តាំងពីឆ្នាំ២០០៤មក អង្គការមូលនិធិ ម៉េងលី ជេ. គួច បានបង្កើតសមិទ្ធិផលធំៗជាច្រើនទាក់ទងនិងការសាងសង់ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធសហគមន៍ ជាក់ស្តែងដូចជា ក្នុងឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង អង្គការមូលនិធិបានសាងសង់ពិដានព្រះវិហារ សាងសង់ខ្លោងទ្វារវត្ត សាងសង់ចេតិយរួមចំនួន១ សាងសង់ស្រះទឹកសហគមន៍ចំនួន១ សាងសង់បល្ល័ង្កព្រះក្នុងសាលា ឆទានចំនួន១ និងឧបត្ថម្ភការគូរគំនូរចំនួន២០៧ម៉ែត្រការេ។ ក្នុងឆ្នាំ២០១៣មក អង្គការមូលនិធិ ម៉េងលី ជេ. គួច បានចូលរួមជាមួយអាជ្ញាធរមូលដ្ឋានឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង បានសាងសង់ស្ពាន១ខ្សែប្រវែង ១៨ម៉ែត្រ ទទឹង៤ម៉ែត្រ សាងសង់បង្គន់អនាម័យជូនអ្នកភូមិចំនួន១៣បង្គន់ និងសាងសង់អណ្តូងទឹកចំនួន៣អណ្តូង និងបានឧបត្ថម្ភថវិកាសម្រាប់ទិញរោងរៀបចំពិធីផ្សេងៗ តុចំនួន១០ និងកៅអីចំនួន១០០កៅអី ដើម្បីទុកសម្រាប់ប្រើប្រាស់នៅក្នុងសហគមន៍ ដោយបានផ្តល់ផលដល់អ្នកទទួលផលសរុបចំនួន១,៩៥៩គ្រួសារ។