គម្រោងឆ្លើយតបសង្រ្គោះបន្ទាន់ផ្នែកសុខភាព
មូលនិធិ ម៉េងលី ជេ. គួច ចាប់ផ្តើមគម្រោងឆ្លើយតបសង្គ្រោះបន្ទាន់ផ្នែកសុខភាព លើកទី១ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១២។ គម្រោងនេះមានគោលបំណង ជួយលើកកម្ពស់របៀបរស់នៅប្រកបដោយសុខភាពល្អនៅក្នុងសហគមន៍មួយចំនួននៅទូទាំងប្រទេសកម្ពុជា។ មូលនិធិ ម៉េងលី ជេ. គួច បានកំពុងធ្វើសកម្មភាពដោយផ្សាភ្ជាប់គំនិតផ្តួចផ្តើមផ្នែកសុខភាពដើម្បីធានាថានិស្សិតក្រីក្រ ស្ត្រី ចាស់ជរា កុមារកំព្រា និងជនទីទ័លក្រមានភាពងាយរងគ្រោះខ្លាំងជាងគេ ទទួលបានជំនួយឧបត្ថម្ភសម្រាប់ការព្យាបាលជំងឺ និងការថែទាំសុខភាពបានល្អប្រសើរ។
នាពេលកន្លងមកនេះ មូលនិធិ ម៉េងលី ជេ. គួច បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបសង្រ្គោះបន្ទាន់ផ្នែកសុខភាព ដែលក្នុងនោះមូលនិធិ ម៉េងលី ជេ. គួច បានផ្តល់ការគាំទ្រក្នុងការព្យាបាលអ្នកជំងឺប្រមាណជាង ៣២៦,១៣២នាក់ ដូចជាអ្នកជំមហារីសុដន់ អ្នកជំងឺបេះដូង អ្នកជំងឺពកក អ្នកជំងឺផ្នែករោគស្រ្តី អ្នកគ្រោះថ្នាក់ចរាចរណ៍ជាដើម។ អ្វីគួរឱ្យកត់សម្គាល់ជាងនេះ ក្នុងខណៈពេលទទួលបានព័ត៌មានដ៏សោកសង្រេងនៃការបាក់រំលំអគារនៅក្នុងខេត្តព្រះសីហនុ កាលពីក្នុងខែមិថុនា ឆ្នាំ២០១៩ មូលនិធិ ម៉េងលី ជេ. គួច ក៏បានសម្រេចបរិច្ចាគថវិកាចំនួន១០,០០០ដុល្លារអាមេរិក តាមរយៈខុទ្ធកាល័យនៃទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីជូនដល់ក្រុមគ្រួសារនៃជនរងគ្រោះទាំង២៨នាក់ផងដែរ។
ដោយឡែក នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ក្រុមការងារមូលនិធិ ម៉េងលី ជេ. គួច បាននាំយកថវិកាចំនួន១០,០០០ដុល្លារក្នុងគោលបំណងដើម្បីរួមចំណែកជួយដល់ក្រុមគ្រួសារជនរងគ្រោះដែលជួបនូវសោកនាដកម្មដ៏រន្ធត់ ក្នុងហេតុការណ៍បាក់រលំអគារ៧ជាន់ ក្នុងខេត្តកែប កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០។ ជាងនេះទៅទៀត រៀងរាល់ខែ មូលនិធិ ម៉េងលី ជេ. គួច បានបរិច្ចាគថវិកាចំនួន២០០០ដុល្លារ ក្នុងមួយខែ ដែលសរុបថវិកាបរិច្ចាគនេះស្មើនិង២៤,០០០ដុល្លារជូនដល់ក្រុមគ្រូពេទ្យផ្នែករថយន្តសង្គ្រោះបន្ទាន់ ដែលប្រចាំការនៅផ្លូវជាតិលេខ៤ ដើម្បីជួយសម្រួលដល់ជីវភាព និងការចំណាយប្រចាំថ្ងៃរបស់អង្គភាពផងដែរ។