អ្នកឧកញ៉ា គួច ម៉េងលី ផ្តល់​អា​ហា​រូប​ករណ៍​ជា​ទឹក​ប្រាក់២,៣៤០ដុល្លារ​ដល់​និស្សិត​ខ្វះ​ខាត​ជីវភាព​ម្នាក់​ក្នុង​រាជ​ធានី​ភ្នំ​ពេញ

អ្នកឧកញ៉ា គួច ម៉េងលី តាមរយៈមូលនិធិ ម៉េង លី ជេ. គួច នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ បានផ្ដល់អាហារូបករណ៍ដល់និស្សិតខ្វះខាតជីវភាពម្នាក់ក្នុងរាជធានីភ្នំពេញ។ កញ្ញា លេខ សូនីតា ត្រូវបានជ្រើសរើសជានិស្សិតអាហារូបករណ៍ ម៉េងលី ជេ. គួច ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជំនាញ គណនេយ្យ ដែលអាហារូបករណ៍នេះនឹងរ៉ាប់រងការចំណាយលើថ្លៃសិក្សារបស់គាត់ ១០០% រយៈពេល៤ឆ្នាំពេញ សរុបជាថវិកាចំនួន២,៣៤០ ដុល្លារ។ កញ្ញា​ លេខ សូនីតា នឹងចាប់ផ្តើមការសិក្សាថ្នាក់បរិញ្ញាបត្រ រយៈពេល៤ឆ្នាំ នៃវិទ្យាស្ថានវ៉ាន់ដា ក្នុងឆ្នាំសិក្សា២០២២-២០២៣ និងត្រូវបញ្ចប់ការសិក្សានៅឆ្នាំ២០២៦។

មូលនិធិ ម៉េងលី ជេ. គួច ពិតជាមានមោទនភាពណាស់ចំពោះការជួយឧបត្ថម្ភការសិក្សារបស់កញ្ញា លេខ សូនីតា ហើយក៏មានមោទនភាពផងដែរ ដែលបានរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការជួយបណ្តុះបណ្តាល និងអភិវឌ្ឍយុវជនជាច្រើនឱ្យមានឱកាសបានសិក្សាចប់នៅសាកលវិទ្យាល័យ។

គំនិតផ្តួចផ្តើមនេះមានគោលបំណងជួយលើកទឹកចិត្តសិស្សានុសិស្ស និងកុមារឱ្យមានចិត្តចង់សិក្សារៀនសូត្រ ដើម្បីជំរុញ និងលើកកម្ពស់ប្រព័ន្ធអប់រំនៅកម្ពុជា។ មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តអនុវត្តកម្មវិធី និងចែករំលែកចំណេះដឹងជាបន្តទៀត។ និស្សិតទាំងអស់ ដែលទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ នៃគម្រោងអាហារូបករណ៍ ម៉េងលី ជេ. គួច មានទឹកចិត្តសប្បាយរីករាយ ហើយជឿជាក់ថាពួកគេនឹងប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីអនាគតរបស់ពួកគេកាន់តែប្រសើរឡើង។

សកម្មភាពនៃការបរិច្ចាគរបស់មូលនិធិ ម៉េងលី ជេ. គួច បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា និងបានជួយលើកកម្ពស់អក្ខរកម្មនៅតាមភូមិ និងសហគមន៍ ដែលកំពុងប្រឈមកង្វះខាតសម្ភារៈចាំបាច់ សម្រាប់ការអប់រំកុមារ។ មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តឆ្លើយតបតម្រូវការក្នុងសង្គមកម្ពុជា ជាពិសេសរួមចំណែកអភិវឌ្ឍសហគមន៍ និងតំបន់នានា ដែលកំពុងត្រូវការជំនួយ ឬកំពុងជួបបញ្ហាផ្សេងៗ។  សកម្មភាពនេះ បានបង្ហាញនូវការគាំទ្រដល់កុមារកម្ពុជាជាច្រើន ខណៈពួកគេកំពុងសិក្សារៀនសូត្រ ដើម្បីអភិវឌ្ឍចំណេះដឹងឱ្យកាន់តែប្រសើរឡើង សម្រាប់ពេលបច្ចុប្បន្ន និងពេលអនាគត៕