អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បរិច្ចាគថវិកា១,៤០០ ដុល្លារដល់និស្សិតជាក្មេងកំព្រាម្នាក់មកពីខេត្តតាកែវ

អ្នកឧកញ៉ា គួច ម៉េងលី តាមរយៈមូលនិធិ ម៉េងលី ជេ. គួច នៅថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២២ បានផ្តល់អាហារូបករណ៍ ម៉េងលី ជេ. គួច ដល់និស្សិតក្រីក្រ និងជាក្មេងកំព្រាឳពុកម្តាយម្នាក់មកពីខេត្តតាកែវ។  លោក ទន ទិគួយ មកពីភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ជានិស្សិតខ្វះខាតជីវភាព និងជាក្មេងកំព្រាឪពុកម្តាយបណ្តាលពីគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានជ្រើសរើសជានិស្សិតអាហារូបករណ៍ ម៉េងលី ជេ. គួច ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញអក្សរសាស្រ្តខ្មែរ ដែលអាហារូបករណ៍នេះនឹងរ៉ាប់រងការចំណាយលើថ្លៃសិក្សារបស់គាត់ ១០០% រយៈពេល៤ឆ្នាំពេញ សរុបជាថវិកាចំនួន១,៤០០ ដុល្លារ។ លោក ទន ទិគួយ នឹងចាប់ផ្តើមការសិក្សាថ្នាក់បរិញ្ញាបត្រ រយៈពេល៤ឆ្នាំ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំសិក្សា២០២២-២០២៣ និងត្រូវបញ្ចប់ការសិក្សានៅឆ្នាំ២០២៦។

មូលនិធិ ម៉េងលី ជេ. គួច ពិតជាមានមោទនភាពណាស់ចំពោះការជួយឧបត្ថម្ភការសិក្សារបស់លោក ទន ទិគួយ ហើយក៏មានមោទនភាពផងដែរ ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយបណ្តុះបណ្តាល និងអភិវឌ្ឍយុវជនជាច្រើនឱ្យមានឱកាសបានសិក្សាចប់នៅសាកលវិទ្យាល័យ។

គំនិតផ្តួចផ្តើមនេះមានគោលបំណងជួយលើកទឹកចិត្តសិស្សានុសិស្ស និងកុមារឱ្យមានចិត្តចង់សិក្សារៀនសូត្រ ដើម្បីជំរុញ និងលើកកម្ពស់ប្រព័ន្ធអប់រំនៅកម្ពុជា។ មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តអនុវត្តកម្មវិធី និងចែករំលែកចំណេះដឹងជាបន្តទៀត។ និស្សិតទាំងអស់ ដែលទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ នៃគម្រោងអាហារូបករណ៍ ម៉េងលី ជេ. គួច មានទឹកចិត្តសប្បាយរីករាយ ហើយជឿជាក់ថាពួកគេនឹងប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីអនាគតរបស់ពួកគេកាន់តែប្រសើរឡើង។

សកម្មភាពនៃការបរិច្ចាគរបស់មូលនិធិ ម៉េងលី ជេ. គួច បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា និងបានជួយលើកកម្ពស់អក្ខរកម្មនៅតាមភូមិ និងសហគមន៍ ដែលកំពុងប្រឈមកង្វះខាតសម្ភារៈចាំបាច់ សម្រាប់ការអប់រំកុមារ។ មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តឆ្លើយតបតម្រូវការក្នុងសង្គមកម្ពុជា ជាពិសេសរួមចំណែកអភិវឌ្ឍសហគមន៍ និងតំបន់នានា ដែលកំពុងត្រូវការជំនួយ ឬកំពុងជួបបញ្ហាផ្សេងៗ។  សកម្មភាពនេះ បានបង្ហាញនូវការគាំទ្រដល់កុមារកម្ពុជាជាច្រើន ខណៈពួកគេកំពុងសិក្សារៀនសូត្រ ដើម្បីអភិវឌ្ឍចំណេះដឹងឱ្យកាន់តែប្រសើរឡើង សម្រាប់ពេលបច្ចុប្បន្ន និងពេលអនាគត៕