អ្នកឧកញ៉ា គួច ម៉េងលី បរិច្ឆាគកុំព្យូទ័រយួរដៃមួយគ្រឿងជូននិស្សិតខ្វះខាតម្នាក់មកពីខេត្តកំពង់ចាម
ថ្ងៃចន្ទ, ខែតុលា 25, 2021
អ្នកឧកញ៉ា គួច ម៉េងលី តាមរយៈមូលនិធិ ម៉េងលី ជេ. គួច នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១ បានបរិច្ឆាគកុំព្យូទ័រយួរដៃមួយគ្រឿងឱ្យទៅលោក ខន សុចិន ដើម្បីសម្រួលដល់ការសិក្សា និងស្រាវជ្រាវក្នុងអំឡុងពេលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រនៅរាជធានីភ្នំពេញ។ សូមបញ្ជាក់ផងដែរថា លោក ខន សុចិន គឺជានិស្សិតមួយរូបដែលទទួលបានអាហាររូបករណ៍ថ្នាក់មហាវិទ្យាល័យពីមូលនិធិ ម៉េងលី ជេ. គួច។ អាហាររូបករណ៍ដែលទទួលបាននឹងរ៉ាប់រងរាល់ការចំណាយលើកថ្លៃសិក្សានៅសាកលវិទ្យាល័យរហូតដល់បញ្ចប់ការសិក្សាដែលសរុបជាទឹកប្រាក់មានចំនួន ៦៥៦ ដុល្លារអាមេរិក រួមជាមួយកុំព្យូទ័រយួរដៃ និងការហាត់ការនៅក្នុង ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ លោក ខន សុចិន បានសិក្សាជំនាញ រដ្ឋបាលសាធារណ នៃសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប លោកបានចាប់ផ្ដើមការសិក្សានៅឆ្នាំ ២០១៩។ហើយពួកយើងសង្ឃឹមថាគាត់នឹងបញ្ចប់ការសិក្សានៅក្នុងឆ្នាំ២០២៣។
គំនិតផ្តួចផ្តើមនេះមានគោលបំណងជួយលើកទឹកចិត្តសិស្សានុសិស្ស និងកុមារឱ្យមានចិត្តចង់សិក្សារៀនសូត្រ ដើម្បីជំរុញ និងលើកកម្ពស់ប្រព័ន្ធអប់រំនៅកម្ពុជា។ មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តអនុវត្តកម្មវិធី និងចែករំលែកចំណេះដឹងជាបន្តទៀត។ និស្សិតទាំងអស់ ដែលទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ នៃគម្រោងអាហារូបករណ៍ ម៉េងលី ជេ. គួច មានទឹកចិត្តសប្បាយរីករាយ ហើយជឿជាក់ថាពួកគេនឹងប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីអនាគតរបស់ពួកគេកាន់តែប្រសើរឡើង។
សកម្មភាពនៃការបរិច្ចាគរបស់មូលនិធិ ម៉េងលី ជេ. គួច បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា និងបានជួយលើកកម្ពស់អក្ខរកម្មនៅតាមភូមិ និងសហគមន៍ ដែលកំពុងប្រឈមកង្វះខាតសម្ភារៈចាំបាច់ សម្រាប់ការអប់រំកុមារ។ មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តឆ្លើយតបតម្រូវការក្នុងសង្គមកម្ពុជា ជាពិសេសរួមចំណែកអភិវឌ្ឍសហគមន៍ និងតំបន់នានា ដែលកំពុងត្រូវការជំនួយ ឬកំពុងជួបបញ្ហាផ្សេងៗ។ សកម្មភាពនេះ បានបង្ហាញនូវការគាំទ្រដល់កុមារកម្ពុជាជាច្រើន ខណៈពួកគេកំពុងសិក្សារៀនសូត្រ ដើម្បីអភិវឌ្ឍចំណេះដឹងឱ្យកាន់តែប្រសើរឡើង សម្រាប់ពេលបច្ចុប្បន្ន និងពេលអនាគត៕