ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បរិច្ចាគថវិកា៣,៦៣៨ ដុល្លារដល់សិស្សក្រីក្រម្នាក់មកពីខេត្តបាត់ដំបង
ថ្ងៃអង្គារ, ខែកញ្ញា 15, 2020
ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តាមរយៈមូលនិធិ ម៉េងលី ជេ. កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ បានបរិច្ចាគថវិកាចំនួន៣,៦៣៨ ដុល្លារអាមេរិក ដល់កញ្ញា អ៊ក ផានិត ជានិស្សិតក្រីក្រម្នាក់មកពីខេត្តបាត់ដំបង ដើម្បីជួយសម្រួលការចំណាយលើម្ហូបអាហារប្រចាំថ្ងៃ ក្នុងកំឡុងពេលនៃការសិក្សាជំនាញវិជ្ជាជីវៈរបស់នាង នៅវិទ្យាស្ថានបច្ចេកទេសបាត់ដំបង ក្នុងខេត្តបាត់ដំបង។ កញ្ញា អ៊ក ផានិត សិក្សាជំនាញ អគ្គីសនី រយៈពេល៣ឆ្នាំ ៤ខែ ចាប់ពីខែកញ្ញា ឆ្នាំ២០២០ រហូតដល់ខែតុលា ឆ្នាំ២០២៣ ហើយកញ្ញា អ៊ក ផានិត ទទួលថវិកាឧបត្ថម្ភពីឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក្នុងរយៈពេល៣ឆ្នាំ ៤ខែ មានថវិកាសរុបចំនួន ៣,៦៣៨ ដុល្លារអាមេរិក រួមជាមួយកង់១គ្រឿង សម្រាប់សម្រួលការធ្វើដំណើរទៅមកក្នុងការសិក្សារបស់នាង។
គំនិតផ្តួចផ្តើមនេះមានគោលបំណងជួយលើកទឹកចិត្តសិស្សានុសិស្ស និងកុមារឱ្យមានចិត្តចង់សិក្សារៀនសូត្រ ដើម្បីជំរុញ និងលើកកម្ពស់ប្រព័ន្ធអប់រំនៅកម្ពុជា។ មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តអនុវត្តកម្មវិធី និងចែករំលែកចំណេះដឹងជាបន្តទៀត។ និស្សិតទាំងអស់ ដែលទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ នៃគម្រោងអាហារូបករណ៍ ម៉េងលី ជេ. គួច មានទឹកចិត្តសប្បាយរីករាយ ហើយជឿជាក់ថាពួកគេនឹងប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីអនាគតរបស់ពួកគេកាន់តែប្រសើរឡើង។
សកម្មភាពនៃការបរិច្ចាគរបស់មូលនិធិ ម៉េងលី ជេ. គួច បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា និងបានជួយលើកកម្ពស់អក្ខរកម្មនៅតាមភូមិ និងសហគមន៍ ដែលកំពុងប្រឈមកង្វះខាតសម្ភារៈចាំបាច់ សម្រាប់ការអប់រំកុមារ។ មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តឆ្លើយតបតម្រូវការក្នុងសង្គមកម្ពុជា ជាពិសេសរួមចំណែកអភិវឌ្ឍសហគមន៍ និងតំបន់នានា ដែលកំពុងត្រូវការជំនួយ ឬកំពុងជួបបញ្ហាផ្សេងៗ។ សកម្មភាពនេះ បានបង្ហាញនូវការគាំទ្រដល់កុមារកម្ពុជាជាច្រើន ខណៈពួកគេកំពុងសិក្សារៀនសូត្រ ដើម្បីអភិវឌ្ឍចំណេះដឹងឱ្យកាន់តែប្រសើរឡើង សម្រាប់ពេលបច្ចុប្បន្ន និងពេលអនាគត៕