ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បរិច្ចាគអង្ករចំនួន១,៦៥០គ.កដល់គ្រួសារបុគ្គលិកក្រុមហ៊ុន ម៉េងលី ជេ. គួច ចំនួន៣៣គ្រួសារ
ថ្ងៃចន្ទ, ខែសីហា 10, 2020
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តាមរយៈមូលនិធិ ម៉េងលី ជេ. គួច នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ បានបរិច្ចាគអង្ករចំនួន១,៦៥០គ.កដល់គ្រួសារបុគ្គលិកក្រុមហ៊ុន ម៉េងលី ជេ. គួច ចំនួន៣៣គ្រួសារ ដែលកំពុងជួបផលលំបាកជីវភាពដោយសារការផ្ទុះជំងឺកូវីដ-១៩។ សូមបញ្ជាក់ផងដែរថា ចាប់តំាងពីពាក់កណ្តាលខែមេសាដល់ខែសីហា ឆ្នាំ២០២០ ក្នុងទិសដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបរិច្ចាគអង្ករសរុបចំនួន៣៣,៣៥០គ.ក និងត្រីខកំប៉ុងចំនួន១២,០២០កំប៉ុង ដល់ប្រជាពលរដ្ឋចំនួន២,២០៩គ្រួសារ រួមមានបុគ្គលិកក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ប្រជាសហគមន៍ក្រីក្រ វត្តអារាម និងអង្គការមួយចំនួន ដែលបានរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ដោយបានចំណាយថវិកាសរុបអស់ប្រមាណ៤០,០០០ដុល្លារអាមេរិក។
មូលនិធិ ម៉េងលី ជេ. គួច បានកំពុងពង្រីកសកម្មភាពរបស់ខ្លួនដើម្បីជួយដល់ជនក្រីក្រ និងអ្នកខ្វះខាតឱ្យបានកាន់តែច្រើនបន្ថែមទៀត។ អំណោយដែលបានផ្តល់ឱ្យពួកគាត់ អាចជួយស្តារជីវភាពឡើងវិញ និងបន្តជីវិតរបស់ពួកគាត់។ អ្នកទទួលអំណោយទាំងអស់នោះ បានបង្ហាញទឹកមុខសប្បាយរីករាយខ្លាំងណាស់ ហើយមូលនិធិ ម៉េងលី ជេ. គួច មានការប្តេជ្ញាចិត្តខ្ពស់ក្នុងធ្វើសកម្មភាពផ្តល់ជំនួយដល់ជនងាយរងគ្រោះទាំងនោះ។
សេវាកម្មសប្បុរសធម៌របស់មូលនិធិ ម៉េងលី ជេ. គួច គឺជាការផ្តួចផ្តើមមួយដែលកំពុងតែមានសកម្មភាពជាបន្តបន្ទាប់ ដើម្បីជួយប្រជាជនក្រីក្រ តាមរយៈការផ្តល់ជំនួយដល់ប្រជាជន ដែលមានជីវភាពខ្វះខាត។ មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តឆ្លើយតបក្នុងសកម្មភាពអភិវឌ្ឍនៅតាមជនបទ និងតំបន់ដាច់ស្រយាលនានា។ ពួកយើងមានឈាមជ័រតែមួយ ហេតុនេះពួកយើងទាំងអស់គ្នាដូចគ្នាចង់បង្ហាញដល់មនុស្សជំនាន់ក្រោយៗឱ្យបានឃើញថា ពួកយើងអាចជួយគ្នា ដើម្បីសេចក្តីសុខរបស់មនុស្សគ្រប់គ្នាទាំងពេលបច្ចុប្បន្ន និងទៅអនាគត។