មិត្តល្អចំពោះអ្នកត្រូវការជំនួយ៖ មនុស្សជាងកន្លះលាននាក់បានទទួលជំនួយពីមូលនិធិ ម៉េងលី ជេ. គួច
ថ្ងៃសៅរ៍, ខែតុលា 9, 2021
នៅពេលដែលអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន បានបង្កើតមូលនិធិ ម៉េងលី ជេ. គួច ក្នុងឆ្នាំ ២០០៤ អ្នកឧកញ៉ាមានសេចក្តីប្រាថ្នាប្តេជ្ញាធ្វើឱ្យជីវិត និងសុខុមាលភាពរបស់ប្រជាជនងាយរងគ្រោះបំផុតមានភាពប្រសើរឡើង តាមរយៈការផ្តល់នៃតម្រូវការមូលដ្ឋាន ជាពិសេសការថែទាំសុខភាព ការអប់រំ សេវាសហគមន៍ និងការឆ្លើយតបគ្រោះមហន្តរាយ ជាដើម។
ក្នុងរយៈពេល ១៦ ឆ្នាំកន្លងមកនេះ អង្គការសប្បុរសធម៌បានបង្ហាញនូវសកម្មភាពក្នុងនាមជាមិត្តដ៏ល្អចំពោះអ្នកខ្វះខាតតាមរយៈការផ្តល់ជំនួយដល់សហគមន៍ក្រីក្រ ក៏ដូចជាជួយសង្គ្រោះ និងផ្លាស់ប្តូរជីវិតមនុស្សរាប់សែននាក់ ។
យោងតាមលោក សែម សំអាន ជាប្រធានគ្រប់គ្រងកម្មវិធីនៃមូលនិធិ ម៉េងលី ជេ. គួច ចាប់តាំងពីការបង្កើតមក អង្គការមនុស្សធម៍មួយនេះ ដោយមានការសហការជាមួយអង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុនភ្នាក់ងាររដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន បាននិងកំពុងអនុវត្តកម្មវិធីនិងគម្រោងរបស់ខ្លួននៅក្នុងខេត្តក្រុងចំនួន២០ ។
គិតត្រឹមខែមុន មនុស្សប្រមាណ ៥៨២ ០០០ នាក់បានទទួលជំនួយពីមូលនិធិនេះ ហើយចំនួននៅតែបន្តកើនឡើងជារៀងរាល់ថ្ងៃ ។ ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការរួមចំណែករាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យប្រទេសកម្ពុជា និងជីវិតកាន់តែប្រសើរសម្រាប់ប្រជាជនកម្ពុជា ដែលខ្វះខាត មូលនិធិបានផ្តល់ជំនួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធសហគមន៍ដូចជា ស្ពាន ផ្លូវថ្នល់ អណ្តូងទឹក បង្គន់អនាម័យ ស្រះទឹក អាងស្តុបទឹក អគារសាលារដ្ឋ ព្រះវិហារ និងផ្តល់ជំនួយអាហារូបករណ៍ និងសម្ភារៈសិក្សា គ្រឿងឧបភោគ បរិភោគ ការថែទាំសុខភាព ព្រមទាំងជំនួយវេជ្ជសាស្រ្តដល់អ្នកជំងឺ រួមទាំងផ្តល់ការសង្គ្រោះដល់អ្នកដែលមានជីវភាពលំបាក ដើម្បីទ្រទ្រង់ជីវភាពរបស់ពួកគាត់ ។
លោក សែម សំអាន បាននិយាយថា៖ «ក្រុមការងាររបស់ពួកយើងបានប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជួយដល់អ្នកដែលត្រូវការជំនួយ ហើយស្នាមញញឹមរបស់ពួកគេគឺជាហេតុផលដែលជំរុញឱ្យយើងខិតខំធ្វើការបន្ថែមទៀត» ។
យុវជន អ៊ឹក នុត អាយុ ២១ ឆ្នាំ មកពីគ្រួសារកសិករក្រីក្រមួយនៅខេត្តបាត់ដំបង បានទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីមូលនិធិ ម៉េងលី ជេ. គួច នៅឆ្នាំនេះ ហើយរូបគាត់បាននិយាយថា អាហារូបករណ៍នេះបានផ្លាស់ប្តូរជីវិតរបស់គាត់ទាំងស្រុង ។
យុវជន នុត បាននិយាយទាំងស្នាមញញឹម លាយឡំនឹងទឹកភ្នែកដោយក្តីរីករាយថា៖ «ខ្ញុំរំភើបខ្លាំងណាស់ ពីព្រោះវេជ្ជបណ្ឌិត ម៉េងលី បានផ្តល់អាហារូបករណ៍ពេញលេញដល់ខ្ញុំរយៈពេល ៤ ឆ្នាំ រួមជាមួយការស្នាក់នៅ និងការងារដែលអាចឱ្យខ្ញុំរៀនបានច្រើន» ។
គេបន្តថា៖«ខ្ញុំស្ទើរតែមិននឹកស្មានថា ខ្ញុំអាចមានអ្វីដែលខ្ញុំមាននៅថ្ងៃនេះ» ។
ទន្ទឹមនឹងនេះដែរ លោក ឌិត សាវី ដែលពិការជើងអស់ជាច្រើនឆ្នាំដោយសារគ្រោះថ្នាក់ចរាចរណ៍ គឺជាមនុស្សម្នាក់ដែលជីវិតក្នុងចំណោមមនុស្សជាច្រើនដែលជីវិតត្រូវបានផ្លាស់ប្តូរដោយកម្មវិធីសេវាកម្មសហគមន៍ បន្ទាប់ពីគាត់បានទទួលជំនួយអាហារ និងសម្លៀកបំពាក់ ព្រមទាំងផ្ទះតូចមួយពីមូលនិធិ ។
គាត់បាននិយាយថា៖ «ខ្ញុំតែងតែមានការថប់បារម្ភជារៀងរាល់យប់ ដោយមិនដឹងថាតើខ្ញុំអាចមានផ្ទះដោយរបៀបណា បើប្រាក់ចំណូលតិចតួចនេះសឹងតែមិនអាចជួយខ្ញុំក្នុងការរស់នៅផង» ។
ជំងឺរាតត្បាតកូវីដ-១៩ ដែលបានធ្វើទុក្ខបុកម្នេញលើប្រទេសកម្ពុជាចាប់តាំងពីខែមករាឆ្នាំមុន បាននាំមកនូវបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរដល់ការចល័តនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែវាមិនបានរារាំងមូលនិធិ ម៉េងលី ជេ. គួច ពីការបន្តជួយមនុស្សបន្ថែមទៀតនោះឡើយ ។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក្នុងនាមនាយកប្រតិបត្តិ នៃមូលនិធិ ម៉េងលី ជេ. គួចបានមានប្រសាសន៍ថា ទោះបីជាជំងឺរាតត្បាតបានធ្វើឱ្យពិបាកក្នុងការផ្តល់ជំនួយដល់ប្រជាជនក៏ដោយ ក៏មូលនិធិរបស់លោកតែងតែរកវិធីល្អបំផុតដើម្បីនាំជំនួយដល់អ្នកដែលកំពុងត្រូវការ ។
លោកបានបន្តថា៖ «យើងបានប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជម្នះឧបសគ្គ ហើយយើងអាចជួយសង្គ្រោះជីវិតមនុស្ស និងផ្លាស់ប្តូរអនាគតរបស់មនុស្សជាច្រើន» ។
វេជ្ជបណ្ឌិត ម៉េងលី បានបន្ថែមថា លោកចង់ឃើញអង្គការសប្បុរសធម៌របស់លោកក្លាយជាអ្នកដឹកនាំក្នុងការជួយដល់ប្រជាជនក្រីក្រ ជាពិសេសយុវជន កុមារ និងសហគមន៍ ដើម្បីប្រទេសកម្ពុជាកាន់តែប្រសើរ ប៉ុន្តែដើម្បីឈានទៅដល់គោលដៅនោះ នៅតែមានឧបសគ្គជាច្រើនដែលត្រូវជម្នះ ។
លោកបានមានប្រសាសន៍ថា៖ «ជាបឋម ជំងឺរាតត្បាតនៅតែមាន ដែលជាបញ្ហាប្រឈមធំបំផុតចំពោះការងារសប្បុរសធម៌របស់យើង ហើយយើងត្រូវតែរួមគ្នាដើម្បីកម្ចាត់វា ។ ទី ២ ការផ្តល់ជំនួយភាគច្រើននៃមូលនិធិ ម៉េងលី ជេ. គួច បានមកពីក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិនរបស់យើងហើយ នោះមិនគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ដល់ប្រជាជនខ្វះខាតនៅឡើយទេ» ។
លោកបន្តថា៖«ដូច្នេះខ្ញុំសូមអំពាវនាវឱ្យសាធារណជនចូលរួមជាមួយពួកយើង ដើម្បីឱ្យជីវិតនិងអនាគតរបស់មនុស្សជាច្រើននាក់ទៀតអាចប្រសើរឡើង» ៕
ប្រសិនបើលោកអ្នកចង់ចូលរួមចំណែកក្នុងបុព្វហេតុរបស់មូលនិធិ ម៉េងលី ជេ.គួច លោកអ្នកអាចធ្វើការបរិច្ចាគតាមសុទ្ធាជ្រះថ្លាដល់មូលនិធិ ម៉េងលី ជេគួច តាមរយៈ៖
១. គណនីធនាគារ ABA៖ Mengly J. Quach Education Plc, លេខគណនី៖ #001082097
២. គណនីធនាគារអេស៊ីលីដា៖ Mengly J. Quach Foundation លេខគណនីៈ #3473-0199-7997-17 (ប្រាក់ដុល្លារ) ឬ #3473-0199-7997-27 (ប្រាក់រៀល)។