ឧកញ៉ា គួច ម៉េងលី ផ្តល់អាហារូបករណ៍ជាទឹកប្រាក់២,៤០០ដុល្លារដល់និស្សិតខ្វះខាតម្នាក់មកពីខេត្តកំពង់ធំ
ថ្ងៃសុក្រ, ខែសីហា 13, 2021
លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តាមរយៈមូលនិធិ ម៉េងលី ជេ. គួច នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ បានផ្តល់អាហារូបករណ៍មួយទៀតដល់និស្សិតដែលជួបការលំបាកផ្នែកហិរញ្ញវត្ថុមកពីខេត្តកំពង់ធំ។ កញ្ញា ផេង សុភ័ក្រ មកពីភូមិប្រតោង ឃុំស្វាយភ្លើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានទទួលជោគជ័យក្នុងការជ្រើសរើសជានិស្សិតអាហារូបករណ៍របស់មូលនិធិ ម៉េងលី ជេ. គួច ដើម្បីសិក្សាថ្នាក់មហាវិទ្យាល័យរយៈពេល៤ឆ្នាំ ដែលអាហារូបករណ៍នេះនឹងរ៉ាប់រងការចំណាយលើថ្លៃសិក្សារបស់គាត់រយៈពេល៤ឆ្នាំពេញ សរុបជាថវិកាចំនួន២,៤០០ដុល្លារ។ កញ្ញា ផេង សុភ័ក្រ នឹងចាប់ផ្តើមសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញវិស្វកម្មជីវសាស្រ្ត នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ២០២១ និងត្រូវបញ្ចប់ការសិក្សានៅឆ្នាំ២០២៥។
មូលនិធិ ម៉េងលី ជេ. គួច ពិតជាមានមោទនភាពណាស់ចំពោះការជួយឧបត្ថម្ភការសិក្សារបស់កញ្ញា ផេង សុភ័ក្រ ហើយក៏មានមោទនភាពផងដែរ ដែលបានរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការជួយបណ្តុះបណ្តាល និងអភិវឌ្ឍយុវជនជាច្រើនឱ្យមានឱកាសបានសិក្សាចប់នៅសាកលវិទ្យាល័យ។
គំនិតផ្តួចផ្តើមនេះមានគោលបំណងជួយលើកទឹកចិត្តសិស្សានុសិស្ស និងកុមារឱ្យមានចិត្តចង់សិក្សារៀនសូត្រ ដើម្បីជំរុញ និងលើកកម្ពស់ប្រព័ន្ធអប់រំនៅកម្ពុជា។ មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តអនុវត្តកម្មវិធី និងចែករំលែកចំណេះដឹងជាបន្តទៀត។ និស្សិតទាំងអស់ ដែលទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ នៃគម្រោងអាហារូបករណ៍ ម៉េងលី ជេ. គួច មានទឹកចិត្តសប្បាយរីករាយ ហើយជឿជាក់ថាពួកគេនឹងប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីអនាគតរបស់ពួកគេកាន់តែប្រសើរឡើង។
សកម្មភាពនៃការបរិច្ចាគរបស់មូលនិធិ ម៉េងលី ជេ. គួច បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា និងបានជួយលើកកម្ពស់អក្ខរកម្មនៅតាមភូមិ និងសហគមន៍ ដែលកំពុងប្រឈមកង្វះខាតសម្ភារៈចាំបាច់ សម្រាប់ការអប់រំកុមារ។ មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តឆ្លើយតបតម្រូវការក្នុងសង្គមកម្ពុជា ជាពិសេសរួមចំណែកអភិវឌ្ឍសហគមន៍ និងតំបន់នានា ដែលកំពុងត្រូវការជំនួយ ឬកំពុងជួបបញ្ហាផ្សេងៗ។ សកម្មភាពនេះ បានបង្ហាញនូវការគាំទ្រដល់កុមារកម្ពុជាជាច្រើន ខណៈពួកគេកំពុងសិក្សារៀនសូត្រ ដើម្បីអភិវឌ្ឍចំណេះដឹងឱ្យកាន់តែប្រសើរឡើង សម្រាប់ពេលបច្ចុប្បន្ន និងពេលអនាគត៕