ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បរិច្ចាគ២,០០០,០០០រៀល ជួយព្យាបាលអ្នកជំងឺលោកតាវ័យ៨០ឆ្នាំម្នាក់ក្នុងខេត្តតាកែវ

ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តាមរយៈមូលនិធិ ម៉េងលី ជេ. គួច កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ នេះ បានបរិច្ចាគថវិកាចំនួន២,០០០,០០០រៀល ជូនដល់លោកតា ស ង៉ែត វ័យ៨០ឆ្នាំ ដើម្បីជួយសម្រួលដល់ការចំណាយព្យាបាលជំងឺ និងការចំណាយលើការហូបចុកប្រចាំថ្ងៃរបស់លោកតា។ លោកតា ស ង៉ែត គឺជាឪពុកបង្កើត និងក្មួយស្រីបង្កើតរបស់អ្នកគ្រូ វង្ស ថាវ ហើយបច្ចុប្បន្នកំពុងរស់នៅក្នុងភូមិ អង្គបក្សី ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។

មូលនិធិ ម៉េងលី ជេ. គួច បានកំពុងពង្រីកសកម្មភាពរបស់ខ្លួនដើម្បីជួយដល់ជនក្រីក្រ និងអ្នកខ្វះខាតឱ្យបានកាន់តែច្រើនបន្ថែមទៀត។ អំណោយដែលបានផ្តល់ឱ្យពួកគាត់ អាចជួយស្តារជីវភាពឡើងវិញ និងបន្តជីវិតរបស់ពួកគាត់។ អ្នកទទួលអំណោយទាំងអស់នោះ បានបង្ហាញទឹកមុខសប្បាយរីករាយខ្លាំងណាស់ ហើយមូលនិធិ ម៉េងលី ជេ. គួច មានការប្តេជ្ញាចិត្តខ្ពស់ក្នុងធ្វើសកម្មភាពផ្តល់ជំនួយដល់ជនងាយរងគ្រោះទាំងនោះ។

សេវាកម្មសប្បុរសធម៌របស់មូលនិធិ ម៉េងលី ជេ. គួច គឺជាការផ្តួចផ្តើមមួយដែលកំពុងតែមានសកម្មភាពជាបន្តបន្ទាប់ ដើម្បីជួយប្រជាជនក្រីក្រ តាមរយៈការផ្តល់ជំនួយដល់ប្រជាជន ដែលមានជីវភាពខ្វះខាត។  មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តឆ្លើយតបក្នុងសកម្មភាពអភិវឌ្ឍនៅតាមជនបទ និងតំបន់ដាច់ស្រយាលនានា។  ពួកយើងមានឈាមជ័រតែមួយ ហេតុនេះពួកយើងទាំងអស់គ្នាដូចគ្នាចង់បង្ហាញដល់មនុស្សជំនាន់ក្រោយៗឱ្យបានឃើញថា ពួកយើងអាចជួយគ្នា ដើម្បីសេចក្តីសុខរបស់មនុស្សគ្រប់គ្នាទាំងពេលបច្ចុប្បន្ន និងទៅអនាគត។