ឧកញ៉ា គួច ម៉េងលី បរិច្ចាគថវិកា១០០,០០០,០០០រៀល ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់

លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី នាយកប្រតិបត្តិ នៃមូលនិធិ ម៉េងលី ជេ. គួច កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ បានយកថវិកាចំនួន១០០លានរៀល (២៥,០០០ដុល្លារ) ឧបត្ថម្ភជូនដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់។ ជាមួយគ្នាផងដែរ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក៏បានបរិច្ចាគថវិកាចំនួន១០០លានរៀល (២៥,០០០ដុល្លារ) ដល់មូលនិធិ ម៉េងលី ជេ. គួច ដើម្បីឆ្លើយតបគ្រោះមហន្តរាយ ដោយនឹងធ្វើការបរិច្ចាគគ្រឿងឧបភោគ បរិភោគ និងថ្នាំសង្កូវជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅតាមបណ្តាខេត្ត ឬទីតាំងនានា ដែលកំពុងរងគ្រោះខ្លាំង។

នេះមិនមែនជាលើកទីមួយនោះទេ ដែលលោកឧកញ៉ា គួច ម៉េងលី បរិច្ចាគថវិកាជូនរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកឆ្លើយតបគ្រោះមហន្តរាយ ដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជា។ ជាក់ស្តែង កាលពីឆ្នាំ២០១៨ ឧកញ៉ា គួច ម៉េងលី បានបរិច្ចាគថវិកាចំនួន១០,០០០ដុល្លារ ដើម្បីជួយគ្រួសារ ដែលរងគ្រោះដោយសារការបាក់ស្រុតអគារនៅក្នុងខេត្តព្រះសីហនុ។ ហើយកាលពីឆ្នាំ២០១៩ លោកឧកញ៉ា បានបរិច្ចាគថវិកា១០,០០០ដុល្លារ ដើម្បីជួយគ្រួសារ ដែលរងគ្រោះដោយសារការបាក់ស្រុតអគារនៅក្នុងខេត្តកែបផងដែរ។

នាពេលកន្លងមកនេះ មានប្រជាពលរដ្ឋជាច្រើន ដែលបានរងគ្រោះដោយសារគ្រោះមហន្តរាយ ដូចជាគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត គ្រោះអគ្គីភ័យ គ្រោះរញ្ជួយដី ជាដើម ត្រូវបានជួយ និងផ្តល់ជំនួយដោយមូលនិធិ ម៉េងលី ជេ. គួច ដែលជាមូលនិធិរបស់លោកឧកញ៉ា គួច ម៉េងលី ដើម្បីឱ្យពួកគេបានបន្តរស់រានមានជីវិត។ ក្រៅពីការជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋ មូលនិធិ ម៉េងលី ជេ. គួច ក៏តែងតែរិះរកវិធីក្នុងការជួយស្រោចស្រង់ជីវភាពរស់នៅរបស់ពួកគេ តាមរយៈការផ្តល់ជំនួយទ្រទ្រង់សកម្មភាពកសិកម្ម ដូចជាការដាំបន្លែ និងការចិញ្ចឹមសត្វផងដែរ។

មូលនិធិ ម៉េងលី ជេ. គួច ធ្វើការយ៉ាងជិតស្និទជាមួយគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយជាតិ ដើម្បីឆ្លើយតបតម្រូវការ និងការខ្វះខាតរបស់ជនរងគ្រោះ។ សកម្មភាពនេះពិតជាត្រូវបានគាំទ្រ និងមានការពេញចិត្តយ៉ាងខ្លាំងពីសំណាក់អ្នកទទួលផលទាំងអស់របស់យើង ហើយវាក៏បានបង្ហាញឱ្យមនុស្សជំនាន់ក្រោយបានឃើញថា ពួកយើងទាំងអស់គ្នាសុទ្ធសឹងអាចជាម្ចាស់ជំនួយដ៏គួរឱ្យគោរពសម្រាប់អ្នកខ្វះខាត ទាំងក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត។