ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បរិច្ចាគ១,០០០ដុល្លារ ជួយព្យាបាលអ្នកជំងឺ២នាក់នៅមន្ទីរពេទ្យក្នុងក្រុងភ្នំពេញ
ថ្ងៃសុក្រ, ខែកក្កដា 2, 2021
ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តាមរយៈមូលនិធិ ម៉េងលី ជេ. គួច កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ នេះ បានបរិច្ចាគថវិកាចំនួន១,០០០ដុល្លារអាមេរិក ជូនដល់អ្នកជំងឺចំនួន០២នាក់ ដើម្បីជួយសម្រួលដល់ការចំណាយវះកាត់សង្រ្គោះបន្ទាន់ និងការព្យាបាលជំងឺរបស់ពួកគេនៅក្នុងមន្ទីរពេទ្យចំនួន២ផ្សេងគ្នាក្នុងរាជធានីភ្នំពេញ។ អ្នកជំងឺទាំងពីរនាក់ គឺជាឪពុកបង្កើត និងក្មួយស្រីបង្កើតរបស់លោកគ្រូ ងិន សុខចាន់ថន ក្នុងនោះមានដូចជា លោកពូ ងិន សុផន អាយុ៧២ឆ្នាំ នឹងធ្វើការវះកាត់ជំងឺរីកក្រពេញប្រូស្តាត នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រីឯចៅស្រីអាយុ២ឆ្នាំរបស់លោកពូ កំពុងសម្រាកព្យាបាលរបួសក្បាលនៅមន្ទីរពេទ្យកុមារជាតិ។
មូលនិធិ ម៉េងលី ជេ. គួច បានកំពុងពង្រីកសកម្មភាពរបស់ខ្លួនដើម្បីជួយដល់ជនក្រីក្រ និងអ្នកខ្វះខាតឱ្យបានកាន់តែច្រើនបន្ថែមទៀត។ អំណោយដែលបានផ្តល់ឱ្យពួកគាត់ អាចជួយស្តារជីវភាពឡើងវិញ និងបន្តជីវិតរបស់ពួកគាត់។ អ្នកទទួលអំណោយទាំងអស់នោះ បានបង្ហាញទឹកមុខសប្បាយរីករាយខ្លាំងណាស់ ហើយមូលនិធិ ម៉េងលី ជេ. គួច មានការប្តេជ្ញាចិត្តខ្ពស់ក្នុងធ្វើសកម្មភាពផ្តល់ជំនួយដល់ជនងាយរងគ្រោះទាំងនោះ។
សេវាកម្មសប្បុរសធម៌របស់មូលនិធិ ម៉េងលី ជេ. គួច គឺជាការផ្តួចផ្តើមមួយដែលកំពុងតែមានសកម្មភាពជាបន្តបន្ទាប់ ដើម្បីជួយប្រជាជនក្រីក្រ តាមរយៈការផ្តល់ជំនួយដល់ប្រជាជន ដែលមានជីវភាពខ្វះខាត។ មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តឆ្លើយតបក្នុងសកម្មភាពអភិវឌ្ឍនៅតាមជនបទ និងតំបន់ដាច់ស្រយាលនានា។ ពួកយើងមានឈាមជ័រតែមួយ ហេតុនេះពួកយើងទាំងអស់គ្នាដូចគ្នាចង់បង្ហាញដល់មនុស្សជំនាន់ក្រោយៗឱ្យបានឃើញថា ពួកយើងអាចជួយគ្នា ដើម្បីសេចក្តីសុខរបស់មនុស្សគ្រប់គ្នាទាំងពេលបច្ចុប្បន្ន និងទៅអនាគត៕