ឧកញ៉ា គួច ម៉េងលី ផ្តល់អាហារូបករណ៍ជាទឹកប្រាក់៣,៤២៧.៥០ដុល្លារដល់និស្សិតខ្វះខាតម្នាក់មកពីខេត្តកណ្តាល
ថ្ងៃចន្ទ, ខែកក្កដា 5, 2021
លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តាមរយៈមូលនិធិ ម៉េងលី ជេ. គួច នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ បានផ្តល់អាហារូបករណ៍មួយទៀតដល់និស្សិតដែលជួបការលំបាកផ្នែកហិរញ្ញវត្ថុមកពីខេត្តកណ្តាល។ លោក ប៉ែន រិទ្ធីពង្ស មកពីភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បានទទួលជោគជ័យក្នុងការជ្រើសរើសជានិស្សិតអាហារូបករណ៍របស់មូលនិធិ ម៉េងលី ជេ. គួច ដើម្បីសិក្សាថ្នាក់មហាវិទ្យាល័យរយៈពេល ៤ឆ្នាំ។ អាហារូបករណ៍ដែលលោកទទួលបាន នឹងរ៉ាប់រងលើការចំណាងថ្លៃសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) និងការចំណាយសិក្សាកម្មវិធីភាសាអង់គ្លេសទូទៅចាប់ពីកម្រិត៤ដល់កម្រិត១២ នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ ដែលគិតជាទឹកប្រាក់សរុបចំនួន៣,៤២៧.៥០ដុល្លារអាមេរិក។ លោក ប៉ែន រិទ្ធីពង្ស សិក្សាជំនាញគ្រប់គ្រងអាជីវកម្ម ហើយគាត់នឹងចាប់ផ្តើមសិក្សានៅឆ្នាំ២០២១នេះ។ តាមការរំពឹង លោក ប៉ែន រិទ្ធីពង្ស នឹងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ រយៈពេល៤ឆ្នាំរបស់គាត់ នៅឆ្នាំ២០២៥។
មូលនិធិ ម៉េងលី ជេ. គួច មានមោទនភាពដែលបានឧបត្ថម្ភ និងចូលរួមជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រដល់យុវជនកម្ពុជាជាច្រើនឱ្យបញ្ចប់ការសិក្សាថ្នាក់សាកលវិទ្យាល័យ។
គំនិតផ្តួចផ្តើមនេះមានគោលបំណងជួយលើកទឹកចិត្តសិស្សានុសិស្ស និងកុមារឱ្យមានចិត្តចង់សិក្សារៀនសូត្រ ដើម្បីជំរុញ និងលើកកម្ពស់ប្រព័ន្ធអប់រំនៅកម្ពុជា។ មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តអនុវត្តកម្មវិធី និងចែករំលែកចំណេះដឹងជាបន្តទៀត។ និស្សិតទាំងអស់ ដែលទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ នៃគម្រោងអាហារូបករណ៍ ម៉េងលី ជេ. គួច មានទឹកចិត្តសប្បាយរីករាយ ហើយជឿជាក់ថាពួកគេនឹងប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីអនាគតរបស់ពួកគេកាន់តែប្រសើរឡើង។
សកម្មភាពនៃការបរិច្ចាគរបស់មូលនិធិ ម៉េងលី ជេ. គួច បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា និងបានជួយលើកកម្ពស់អក្ខរកម្មនៅតាមភូមិ និងសហគមន៍ ដែលកំពុងប្រឈមកង្វះខាតសម្ភារៈចាំបាច់ សម្រាប់ការអប់រំកុមារ។ មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តឆ្លើយតបតម្រូវការក្នុងសង្គមកម្ពុជា ជាពិសេសរួមចំណែកអភិវឌ្ឍសហគមន៍ និងតំបន់នានា ដែលកំពុងត្រូវការជំនួយ ឬកំពុងជួបបញ្ហាផ្សេងៗ។ សកម្មភាពនេះ បានបង្ហាញនូវការគាំទ្រដល់កុមារកម្ពុជាជាច្រើន ខណៈពួកគេកំពុងសិក្សារៀនសូត្រ ដើម្បីអភិវឌ្ឍចំណេះដឹងឱ្យកាន់តែប្រសើរឡើង សម្រាប់ពេលបច្ចុប្បន្ន និងពេលអនាគត៕