ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ចំណាយថវិកា២៩,០៥៩.៥៥ដុល្លារ ជួយប្រជាពលរដ្ឋចំនួន៤៩៤គ្រួសារ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល
ថ្ងៃពុធ, ខែតុលា 28, 2020
លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តាមរយៈមូលនិធិ ម៉េងលី ជេ. គួច បានបរិច្ចាគអង្ករចំនួន៩,៨៨០ គ.ក ត្រីខកំប៉ុង ៤៩៤យួរ មីកញ្ចប់៤៩៤កេស ទឹកស៊ីអ៊ីវ៤៩៤យួរ ឆៃប៉ូវផ្អែម៩៨៨គ.ក និងថវិកាចំនួន១០,០០០រៀលក្នុង១គ្រួសារ ជូនដល់ប្រជាពលរដ្ឋចំនួន៤៩៤គ្រួសារមកពីសង្កាត់រលួស ខណ្ឌដង្កោ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ សកម្មភាពសប្បុរសធម៌នេះ ត្រូវបានប្រារព្វឡើងនាថ្ងៃទី២៧ និង២៨ ខែតុលា ឆ្នាំ២០២០ ដោយបានចំណាយថវិកាអស់ USD ២៩,០៥៩.៥៥ និងបានផ្តល់ផលដល់ប្រជាពលរដ្ឋចំនួន៤៩៤គ្រួសារ មកពីសង្កាត់ និងឃុំផ្សេងៗគ្នា ដែលបានរងផលប៉ះពាល់ជីវភាព ដោយសារទឹកជំនន់រហ័សក្នុងឆ្នាំ២០២០នេះ។
ក្រៅពីការបរិច្ចាគខានលើនេះ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបរិច្ចាគថវិកាចំនួន១០០,០០០,០០០រៀល ស្មើនិងUSD ២៥,០០០ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ជួយសង្រ្គោះប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយសារទឹកជំនន់។
មូលនិធិ ម៉េងលី ជេ. គួច បានកំពុងពង្រីកសកម្មភាពរបស់ខ្លួនដើម្បីជួយដល់ជនក្រីក្រ និងអ្នកខ្វះខាតឱ្យបានកាន់តែច្រើនបន្ថែមទៀត។ អំណោយដែលបានផ្តល់ឱ្យពួកគាត់ អាចជួយស្តារជីវភាពឡើងវិញ និងបន្តជីវិតរបស់ពួកគាត់។ អ្នកទទួលអំណោយទាំងអស់នោះ បានបង្ហាញទឹកមុខសប្បាយរីករាយខ្លាំងណាស់ ហើយមូលនិធិ ម៉េងលី ជេ. គួច មានការប្តេជ្ញាចិត្តខ្ពស់ក្នុងធ្វើសកម្មភាពផ្តល់ជំនួយដល់ជនងាយរងគ្រោះទាំងនោះ។
សេវាកម្មសប្បុរសធម៌របស់មូលនិធិ ម៉េងលី ជេ. គួច គឺជាការផ្តួចផ្តើមមួយដែលកំពុងតែមានសកម្មភាពជាបន្តបន្ទាប់ ដើម្បីជួយប្រជាជនក្រីក្រ តាមរយៈការផ្តល់ជំនួយដល់ប្រជាជន ដែលមានជីវភាពខ្វះខាត។ មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តឆ្លើយតបក្នុងសកម្មភាពអភិវឌ្ឍនៅតាមជនបទ និងតំបន់ដាច់ស្រយាលនានា។ ពួកយើងមានឈាមជ័រតែមួយ ហេតុនេះពួកយើងទាំងអស់គ្នាដូចគ្នាចង់បង្ហាញដល់មនុស្សជំនាន់ក្រោយៗឱ្យបានឃើញថា ពួកយើងអាចជួយគ្នា ដើម្បីសេចក្តីសុខរបស់មនុស្សគ្រប់គ្នាទាំងពេលបច្ចុប្បន្ន និងទៅអនាគត។