មូលនិធិ ម៉េងលី ជេ. បរិច្ចាគថវិកាចំនួន ១,១០០ ដុល្លារដល់អ្នកស្រី ស៊ាន ម៉ុន ដើម្បីជួយសម្រួលដល់ការព្យាបាលជំងឺកូនស្រីរបស់អ្នកស្រីឈ្មោះ អាត សាវ៉ាន់
ថ្ងៃចន្ទ, ខែតុលា 23, 2023
មូលនិធិ ម៉េងលី ជេ. គួច បានបរិច្ចាគថវិកាចំនួន 1,100 ដុល្លារអាមេរិក ដើម្បីជួយឧបត្ថម្ភដល់កូនស្រី របស់អ្នកស្រី ស៊ាន ម៉ុន ដែលកំពុងព្យាបាលជំងឺ នៅមន្ទីរពេទ្យបុប្ផា នៅថ្ងៃទី 23 ខែតុលា ឆ្នាំ 2023។ កុមារី អាត សាវ៉ាន់ អាយុ 13 ឆ្នាំ មកពីខេត្តមណ្ឌលគិរី បានជួបឧបទ្ទវហេតុធ្លាក់ពីលើដើមអំពិល ខណៈពេលនាងកំពុងបេះផ្លែអំពិលដើម្បីយកទៅលក់យកថវិកាមកចិញ្ចឹមគ្រួសារ និងផ្គត់ផ្គង់ការសិក្សារៀនសូត្រ។ អំណោយដ៏ថ្លៃថ្លានេះ ត្រូវបានឧបត្ថម្ភដោយ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី លោក Paul Quach លោក Alex Quach លោក Eddie Quach លោក Somaly Quach រួមនឹងសមាជិកគ្រួសារលោកស្រី Crystal Quach និងក្រុមគ្រួសារ លោក Billy Chau និងលោកស្រី Lucy Chau ។ ខណៈពេលដែលក្រុមការងារមូលនិធិ នាំយកថវិកាទៅបរិច្ចាគជូនកុមារី អាត សាវ៉ាន ម្តាយរបស់នាងបានរៀបរាប់ថា នាងអាចនឹងពិការមិនអាចដើររួចអស់មួយជីវិត។ ពិតជាសោកស្តាយ និងគួរឱ្យអាណិតនាងខ្លាំងណាស់។ ប្រសិនបើលោកអ្នកមានចិត្តសប្បុរស ចូលរួមជាមួយយើងបាន។ លោកអ្នកអាចទាក់ទងមកយើងតាមរយៈទំព័រ Facebook របស់យើង ប្រសិនបើអ្នកចាប់អារម្មណ៍ក្នុងការផ្តល់ជំនួយ។
មូលនិធិ ម៉េងលី ជេ. គួច បានកំពុងពង្រីកសកម្មភាពរបស់ខ្លួនដើម្បីជួយដល់ជនក្រីក្រ និងអ្នកខ្វះខាតឱ្យបានកាន់តែច្រើនបន្ថែមទៀត។ អំណោយដែលបានផ្តល់ឱ្យពួកគាត់ អាចជួយស្តារជីវភាពឡើងវិញ និងបន្តជីវិតរបស់ពួកគាត់។ អ្នកទទួលអំណោយទាំងអស់នោះ បានបង្ហាញទឹកមុខសប្បាយរីករាយខ្លាំងណាស់ ហើយមូលនិធិ ម៉េងលី ជេ. គួច មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើសកម្មភាពផ្តល់ជំនួយដល់ជនងាយរងគ្រោះទាំងនោះ។
សេវាកម្មសប្បុរសធម៌របស់មូលនិធិ ម៉េងលី ជេ. គួច គឺជាការផ្តួចផ្តើមមួយដែលកំពុងតែមានសកម្មភាពជាបន្តបន្ទាប់ ដើម្បីជួយប្រជាជនក្រីក្រ តាមរយៈការផ្តល់ជំនួយដល់ប្រជាជន ដែលមានជីវភាពខ្វះខាត។ មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តឆ្លើយតបក្នុងសកម្មភាពអភិវឌ្ឍនៅតាមជនបទ និងតំបន់ដាច់ស្រយាលនានា។ ពួកយើងមានឈាមជ័រតែមួយ ហេតុនេះពួកយើងទាំងអស់គ្នាចង់បង្ហាញដល់មនុស្សជំនាន់ក្រោយៗឱ្យបានឃើញថា ពួកយើងអាចជួយគ្នា ដើម្បីសេចក្តីសុខរបស់មនុស្សគ្រប់គ្នាទាំងពេលបច្ចុប្បន្ន និងទៅអនាគត។