ក្រោមជំនួយឧបត្ថម្ភផ្ទាល់ពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តាមរយៈមូលនិធិ ម៉េងលី ជេ. គួច បាននាំយកជំនួយសប្បុរសធម៌ជាគ្រឿងឧបភោគបរិភោគ រួមមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ សាច់ក្រក ប្រេងឆា សៀង ទឹកសុទ្ធ សម្ភារៈអនាម័យ និងថវិកាចំនួន ៣,៣០៨,០០០ រៀល ដែលទទួលបានការចូលរួមបរិច្ចាគពីគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងបុគ្គលិកនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ជូនលោក ឆាយ រ៉ូចាន់លី និងក្រុមគ្រួសារ ដើម្បីជួយសម្រាលបន្ទុកបន្ទាប់ពីគ្រោះថ្នាក់អគ្គីភ័យឆាបឆេះផ្ទះ អស់ទាំងស្រុង កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ។

មូលនិធិ ម៉េងលី ជេ. គួច និងបុគ្គលិកទាំងអស់នៃក្រុមហ៊ុន ម៉េងលី ជេ. គួច សូមចូលរួមសម្ដែងការសោកស្ដាយយ៉ាងក្រៃលែងចំពោះហេតុការណ៍ដែលបានកើតចំពោះលោក និងក្រុមគ្រួសារខាងលើ។
សេវាកម្មសប្បុរសធម៌របស់មូលនិធិ ម៉េងលី ជេ. គួច គឺជាការផ្តួចផ្តើមមួយដែលកំពុងតែមានសកម្មភាពជាបន្តបន្ទាប់ ដើម្បីជួយប្រជាជនក្រីក្រ តាមរយៈការផ្តល់ជំនួយដល់ប្រជាជន ដែលមានជីវភាពខ្វះខាត។ មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តឆ្លើយតបក្នុងសកម្មភាពអភិវឌ្ឍនៅតាមជនបទ និងតំបន់ដាច់ស្រយាលនានា។ ពួកយើងមានឈាមជ័រតែមួយ ហេតុនេះពួកយើងទាំងអស់គ្នាចង់បង្ហាញដល់មនុស្សជំនាន់ក្រោយៗឱ្យបានឃើញថា ពួកយើងអាចជួយគ្នា ដើម្បីសេចក្តីសុខរបស់មនុស្សគ្រប់គ្នាទាំងពេលបច្ចុប្បន្ន និងទៅអនាគត។