ក្រោមជំនួយឧបត្ថម្ភផ្ទាល់ពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តាមរយៈមូលនិធិ ម៉េងលី ជេ. គួច បាននាំយកអំណោយសប្បុរសធម៌រួមមានដូចជា ទឹកសុទ្ធ មី ទឹកដោះគោ នំ សម្ភារៈសិក្សា សម្លៀកបំពាក់ និងសម្ភារៈអនាម័យ បរិច្ចាគជូនដល់អង្គការកុមារកែប ដែលមាន ទីតាំងស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។


អង្គការកុមារកែប គឺជាអង្គការមិនយកប្រាក់កម្រៃដែលជួយដល់កុមារ ក្នុងសហគមន៍ដោយផ្ដោតលើវិស័យអប់រំក្រៅប្រព័ន្ធដោយឥតគិតថ្លៃ រួមមាន ការបង្រៀន ការគាំទ្រដល់ការសិក្សា សកម្មភាពបណ្ណាល័យ អាហារូបត្ថម្ភ និងការថែទាំផ្នែកសុខភាព ដល់សិស្សានុសិស្សក្រីក្រចំនួន ៧០នាក់ និងគ្រួសារក្រីក្រចំនួន ៣២គ្រួសារ ដែលរស់នៅក្នុងសហគមន៍។ ការចូលរួមចំណែករបស់មូលនិធិ គឺជាការបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការគាំទ្រ និងយកចិត្តទុកដាក់ ដើម្បីលើកកម្ពស់គុណភាពជីវិតរបស់សិស្ស និងគួ្រសារ ដែលកំពុងប្រឈមនឹងបញ្ហាជីវភាព រស់នៅប្រចាំថ្ងៃ។

