មូលនិធិ ម៉េងលី ជេ. គួច ក្រោមជំនួយឧបត្ថម្ភផ្ទាល់ពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបរិច្ចាគសម្ភារៈសិក្សា រួមមាន សៀវភៅសរសេរ ចំនួន៤០០ក្បាល សៀវភៅភាសាអង់គ្លេសចម្រុះ ចំនួន១០កេស និងសម្លៀកបំពាក់ចម្រុះ ចំនួន៥កេស បរិច្ចាគជូនក្រុមយុវជនស្ម័គ្រចិត្ត នៃកម្មវិធីសប្បុរសធម៌កម្ពុជា ដើម្បីបន្ដចែកជូនសិស្សានុសិស្សចំនួន២៩៨នាក់ នៃសាលាបឋមសិក្សា ជលសា ដែលមានទីតាំងស្ថិតនៅភូមិទី២ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។

កម្មវិធីបរិច្ចាគនេះ មានគោលបំណងចូលរួមចំណែកលើកទឹកចិត្ត និងលើកកម្ពស់ការសិក្សារបស់សិស្សានុសិស្ស ជាពិសេសសិស្សានុសិស្សដែលរស់នៅតំបន់លិចទឹកនៃបឹងទន្លេសាប ដែលកំពុងខ្វះខាតសម្ភារៈសិក្សា និងធនធានជាដើម។

សេវាកម្មសប្បុរសធម៌របស់មូលនិធិ ម៉េងលី ជេ. គួច គឺជាការផ្តួចផ្តើមមួយដែលកំពុងតែមានសកម្មភាពជាបន្តបន្ទាប់ ដើម្បីជួយប្រជាជនក្រីក្រ តាមរយៈការផ្តល់ជំនួយដល់ប្រជាជន ដែលមានជីវភាពខ្វះខាត។ មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តឆ្លើយតបក្នុងសកម្មភាពអភិវឌ្ឍនៅតាមជនបទ និងតំបន់ដាច់ស្រយាលនានា។ ពួកយើងមានឈាមជ័រតែមួយ ហេតុនេះពួកយើងទាំងអស់គ្នាចង់បង្ហាញដល់មនុស្សជំនាន់ក្រោយៗឱ្យបានឃើញថា ពួកយើងអាចជួយគ្នា ដើម្បីសេចក្តីសុខរបស់មនុស្សគ្រប់គ្នាទាំងពេលបច្ចុប្បន្ន និងទៅអនាគត។