មូលនិធិ ម៉េងលី ជេ. គួច ក្រោមកិច្ចសហការជាមួយមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាចាក់អង្រែ ពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការបន្តបេសកកម្មរបស់ខ្លួន តាមរយៈការចែកនូវអំណោយសប្បុរសធម៌ រួមមាន គ្រឿង ឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងកញ្ចប់ថវិកា ជូនដល់សមាជិកនៃសមាគមស៊ីក្លូកម្ពុជានាថ្ងៃនេះ។

សកម្មភាពបរិច្ចាគនេះ មានគោលបំណងជួយបំពេញនូវតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់អ្នកប្រកបរបរធាក់ស៊ីក្លូ និងរួមចំណែកក្នុងការអភិរក្សស៊ីក្លូ ដែលជាអត្តសញ្ញាណមួយនៃវប្បធម៌ដ៏មានតម្លៃរបស់ប្រទេសកម្ពុជា ក៏ដូចជាប្រភពចំណូលមួយសម្រាប់គ្រួសារដែលខ្វះខាត។

មូលនិធិ ម៉េងលី ជេ. គួច សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ ភាពអត់ធ្មត់ និងការខិតខំប្រឹងប្រែងរបស់អ៊ុំៗអ្នកធាក់ស៊ីក្លូ ដែលបន្តផ្ដល់សេវាកម្មក្នុងសហគមន៍យ៉ាងមោទនភាព និងកិត្តិយស ទោះបីជាជួបប្រទះនឹងឧបសគ្គក៏យ៉ាងណាក្ដី។

យើងជឿជាក់ថា សេចក្ដីមេត្តាករុណាដែលយើងទាំងអស់គ្នាមាន នឹងជួយបង្កើនភាពរឹងមាំដល់សហគមន៍កម្ពុជា។ ដូច្នេះហើយ មូលនិធិ ម៉េងលី ជេ. គួច សូមអញ្ជើញសាធារណជនទាំងអស់បន្ត ចូលរួមជាមួយយើងក្នុងសកម្មភាពសប្បុរសធម៌នានានាពេលអនាគត តាមរយៈការផ្តល់ឱ្យ និងការចែករំលែកគ្នាទៅវិញទៅមក ដែលពិតជាអាចជះឥទ្ធិពលវិជ្ជមានដល់សហគមន៍កម្ពុជាឱ្យកាន់តែមានភាពប្រសើរឡើង។
