នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ មូលនិធិ ម៉េងលី ជេ. គួច ក្រោមការសហការជាមួយ មជ្ឈមណ្ឌលភាសា អេ អាយ អាយ ទាំងបីសាខានៅរាជធានីភ្នំពេញ គឺសាខាចាក់អង្រែ សាខាចោមចៅ និងសាខាចំការដូង បាននាំយកនូវអំណោយសប្បុរសធម៌ជាកង់ចំនួន២០គ្រឿង សម្ភារៈសិក្សាចំនួន១៥០ឈុត អាវយឺតកីឡា Aii ចំនួន១៦៥ ឈុត និងសម្ភារៈកម្សាន្ដផ្សេងៗផ្ដល់ជូនដល់សិស្សានុសិស្ស នៃសាលាមិត្តភាពកម្ពុជា-វៀតណាម ដែលមានទីតាំងស្ថិតនៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។


កម្មវិធីបរិច្ចាគនេះ មានអ្នកចូលរួមប្រមាណជាជាង ៥០០ នាក់ ក្នុងនោះរួមមានគណៈ គ្រប់គ្រង នាយក និងនាយិកាសាលា ព្រមទាំងសិស្សានុសិស្សផងដែរ។ សកម្មភាពមួយនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីសាមគ្តីភាព ស្មារតីចែករំលែក ការយកចិត្តទុកដាក់ និងការចូលរួមលើកកម្ពស់វិស័យអប់រំ តាមរយៈការជួយគាំទ្រដល់សិស្សានុសិស្សដែលខ្វះខាតឱ្យទទួល បានឱកាសសិក្សាកាន់តែប្រសើរ និងជម្រុញឱ្យពួកគាត់បន្ដខិតខំសិក្សា ដើម្បីក្លាយជាធនធានមនុស្សសម្រាប់សង្គមជាតិយើង។


សេវាកម្មសប្បុរសធម៌របស់មូលនិធិ ម៉េងលី ជេ. គួច គឺជាការផ្តួចផ្តើមមួយដែលកំពុងតែមានសកម្មភាពជាបន្តបន្ទាប់ ដើម្បីជួយប្រជាជនក្រីក្រ តាមរយៈការផ្តល់ជំនួយដល់ប្រជាជន ដែលមានជីវភាពខ្វះខាត។ មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តឆ្លើយតបក្នុងសកម្មភាពអភិវឌ្ឍនៅតាមជនបទ និងតំបន់ដាច់ស្រយាលនានា។ ពួកយើងមានឈាមជ័រតែមួយ ហេតុនេះពួកយើងទាំងអស់គ្នាចង់បង្ហាញដល់មនុស្សជំនាន់ក្រោយៗឱ្យបានឃើញថា ពួកយើងអាចជួយគ្នា ដើម្បីសេចក្តីសុខរបស់មនុស្សគ្រប់គ្នាទាំងពេលបច្ចុប្បន្ន និងទៅអនាគត។


