យុទ្ធនាការធនាគារឈាម ម៉េងលី ជេ. គួច លើកទី១៤ ក្រោមប្រធានបទ៖ “បរិច្ចាគឈាមគឺ បរិច្ចាគនូវសេចក្ដីស្រឡាញ់៖ រួមគ្នាផ្ដល់នូវក្ដីសង្ឃឹមដើម្បីជួយសង្រ្គោះជីវិត” បានបញ្ចប់ដោយជោគជ័យ ក្រោមកិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចំការដូង។

មូលនិធិ ម៉េងលី ជេ. គួច សូមថ្លែងអំណរគុណដល់ការចូលរួមពី សំណាក់អ្នកស័្មគ្រចិត្តបរិច្ចាគឈាមយ៉ាងច្រើនកុះកុរ រួមមាន គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បុគ្គលិកនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន មាតាបិតា អ្នកអាណាព្យាបាលសិស្ស និងសាធារណជនទាំងអស់។

យុទ្ធនាការនេះ ជាការរួមចំណែកជួយសង្គ្រោះអាយុជីវិត បង្កើតក្ដីសង្ឃឹម និងបង្ហាញនូវក្ដីស្រឡាញ់ដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។

សេវាកម្មសប្បុរសធម៌របស់មូលនិធិ ម៉េងលី ជេ. គួច គឺជាការផ្តួចផ្តើមមួយដែលកំពុងតែមានសកម្មភាពជាបន្តបន្ទាប់ ដើម្បីជួយប្រជាជនក្រីក្រ តាមរយៈការផ្តល់ជំនួយដល់ប្រជាជន ដែលមានជីវភាពខ្វះខាត។ មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តឆ្លើយតបក្នុងសកម្មភាពអភិវឌ្ឍនៅតាមជនបទ និងតំបន់ដាច់ស្រយាលនានា។ ពួកយើងមានឈាមជ័រតែមួយ ហេតុនេះពួកយើងទាំងអស់គ្នាចង់បង្ហាញដល់មនុស្សជំនាន់ក្រោយៗឱ្យបានឃើញថា ពួកយើងអាចជួយគ្នា ដើម្បីសេចក្តីសុខរបស់មនុស្សគ្រប់គ្នាទាំងពេលបច្ចុប្បន្ន និងទៅអនាគត។
