អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE) បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់ជំនួយជាស្បៀង លើកទី៥ និងទី៦ ជូនប្រជាពលរដ្ឋភៀសសឹក ចំនួន ១,៥០០ គ្រួសារស្ថិតក្នុងខេត្តបាត់ដំបង និងខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។ ជំនួយទាំងនោះរួមមាន អង្ករ ៣០ តោន, មី ១,៥០០ កេស, ទឹកស៊ីអ៊ីវ ១,៥០០ យួរ, ទឹកត្រី ១,៥០០ យួរ, សាច់ក្រក ១,៥០០ គីឡូ, ឆៃប៉ូវ ១,៥០០ គីឡូ ទឹកបរិសុទ្ធ ១០០ យួរ, ទឹកដោះគោសម្រាប់ក្មេង ១២៥ កេស, នំបុ័ងបាក់យ៉ុង ១,០០០ ដើម និងសម្លៀកបំពាក់ចម្រុះចំនួន ១០០ កេសធំ សរុបជាថវិកាប្រមាណជាង ៧ ម៉ឺនដុល្លារអាមេរិក។


សកម្មភាពសប្បុរសធម៌នេះបានរៀបចំឡើងដោយមូលនិធិ ម៉េងលី ជេ. គួច និងមានការចូលរួមចំណែកបរិច្ចាគផងដែរពីគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បុគ្គលិកនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន អ្នកអាណាព្យាបាល សិស្សានុសិស្ស ព្រមទាំងសប្បុរសជន។


សេវាកម្មសប្បុរសធម៌របស់មូលនិធិ ម៉េងលី ជេ. គួច គឺជាការផ្តួចផ្តើមមួយដែលកំពុងតែមានសកម្មភាពជាបន្តបន្ទាប់ ដើម្បីជួយប្រជាជនក្រីក្រ តាមរយៈការផ្តល់ជំនួយដល់ប្រជាជន ដែលមានជីវភាពខ្វះខាត។ មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តឆ្លើយតបក្នុងសកម្មភាពអភិវឌ្ឍនៅតាមជនបទ និងតំបន់ដាច់ស្រយាលនានា។ ពួកយើងមានឈាមជ័រតែមួយ ហេតុនេះពួកយើងទាំងអស់គ្នាចង់បង្ហាញដល់មនុស្សជំនាន់ក្រោយៗឱ្យបានឃើញថា ពួកយើងអាចជួយគ្នា ដើម្បីសេចក្តីសុខរបស់មនុស្សគ្រប់គ្នាទាំងពេលបច្ចុប្បន្ន និងទៅអនាគត។

