Stand with Cambodia — Together for Our Future
ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥

គម្រោងសាងសង់សាលារដ្ឋ ម៉េងលី ជេ. គួច

គម្រោងសាងសង់សាលារដ្ឋ ម៉េងលី ជេ. គួច

ការសាងសង់អគារសិក្សាបន្ថែមបានក្លាយជាផ្នែកដ៏សំខាន់មួយដើម្បី ពង្រីកលទ្ធភាពនៃការសិក្សា និង បរិយាកាសសិក្សារៀនសូត្រ។ យោងតាមសន្និសីទរបស់ក្រសួងអប់រំយុវជន និងកីឡា កាលពីឆ្នាំ២០១៦ បានបញ្ជាក់ថា អគារសិក្សាប្រមាណ ៥,,០០០ អគារត្រូវការការជួសជុលនិងកែលម្អជាបន្តបន្ទាប់។ ក្រសួងអប់រំបានអំពាវនាវដល់រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធនានាឱ្យជួយសាងសង់អគារសិក្សាជូនសាលារៀន ដែលជាគ្រឹះស្ថានសិក្សារបស់រដ្ឋ។ ទន្ទឹមនឹងនេះ មូលនិធិ ម៉េងលី ជេ. គួច បានរៀបចំផែនការយុទ្ធសាស្រ្ដរបស់ខ្លួន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍវិស័យអប់រំ ។ ស្របតាមកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល មូលនិធិ ម៉េងលី ជេ. គួច គ្រោងនឹងសាងសង់សាលារៀន ព្រមទាំងបង្កើតគម្រោងមូលដ្ឋានសម្រាប់ការអប់រំនៅតាមខេត្តដាច់ស្រយាលដែលមានតម្រូវការជំនួយ និងឱ្យបានមួយសាលានៅតាមបណ្តាខេត្តនីមួយៗនៅទូទាំងប្រទេសកម្ពុជា។

នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០០៨ មូលនិធិ ម៉េងលី ជេ. គួច បានសាងសង់អគារសិក្សាថ្មី១ខ្នងមាន៨បន្ទប់ ជូនដល់លាសាបឋមសិក្សា ថ្មកង្កែប គួចប៉េងសាំង ងិនហួយ និងជួសជុលអគារចាស់១ខ្នងមាន៨បន្ទប់ សាងសង់បន្ទប់ទឹកចំនួន២ខ្នងមាន៤បន្ទប់ និងសាងសង់ទីធ្លាខាងមុខថ្នាក់សិក្សា ស្ថិតក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៦ គម្រោងសាងសង់សាលារដ្ឋ ម៉េងលី ជេ. គួច បានដាក់សម្ពោធជាផ្លូវការនូវអគារសិក្សា១ខ្នង មាន៤បន្ទប់ បណ្ណាល័យ១បន្ទប់ ព្រមទាំងការចំណាយផ្សេងៗ ដល់សាលាបឋមសិក្សា គួច ម៉េងលី ទួលបេង ស្ថិតនៅភូមិទួលបេង ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយការសាងសង់នេះចំណាយជាទឹកប្រាក់សរុបចំនួន ១១០,០០០ ដុល្លារអាមេរិក។ សម្រាប់ផែនការបន្ដ មូលនិធិ ម៉េងលីជេ. គួច មានគម្រោងសាងសង់អគារសិក្សាជូនសាលារដ្ឋចំនួន៤ ក្នុងខេត្ត កំពង់ស្ពឺ ពោធិ៍សាត់ ព្រៃវែង និងផ្សេងៗទៀតនៅទូទាំងប្រទេសកម្ពុជា។