Stand with Cambodia — Together for Our Future
ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦

មូលនិធិ ម៉េងលី ជេ. គួច នាំយកជំនួយទៅចែកជូនសិស្សានុសិស្សជាង ១០០ នាក់ នៅសាលាបឋមសិក្សាខ្សាច់ពពិល ខេត្តសៀមរាប

តាមរយៈមូលនិធិ ម៉េងលី ជេ. គួច អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី រួមជាមួយសប្បុរសជននានា និងមានកិច្ចសហការពីមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសៀមរាប បាននាំយកជំនួយសប្បុរសធម៌ទៅចែកជូនសិស្សានុសិស្សជាង ១០០ នាក់ នៅសាលាបឋមសិក្សាខ្សាច់ពពិល ស្ថិតក្នុងភូមិខ្សាច់ពពិល ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។




ជំនួយខាងលើ មានគ្រឿងបរិក្ខារសិក្សា ដូចជា តុចំនួន៥ឈុត កៅអីចំនួន១០០ឈុត ក្ដារខៀនចំនួន៥ផ្ទាំង សម្ភារៈសិក្សាចំនួន១០០កញ្ចប់ ឯកសណ្ឋានសិស្សចំនួន២០ឈុត កង់ចំនួន១៤គ្រឿង ស្បែកជើងកីឡា២០គូរ ទឹកដោះគោ និងសម្ភារៈផ្សេងៗទៀត។ សកម្មភាពនេះ គឺជាការចូលរួមចំណែកលើកកម្ពស់ វិស័យអប់រំនៅតាមសហគមន៍ជនបទ តាមរយៈការគាំទ្រសម្ភារៈចាំបាច់ និងការបង្កើតបរិយាកាសសិក្សាកាន់តែល្អប្រសើរ សម្រាប់សិស្សានុសិស្ស ព្រមទាំងជួយសម្រួលដល់ការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ។




 

សេវាកម្មសប្បុរសធម៌របស់មូលនិធិ ម៉េងលី ជេ. គួច គឺជាការផ្តួចផ្តើមមួយដែលកំពុងតែមានសកម្មភាពជាបន្តបន្ទាប់ ដើម្បីជួយប្រជាជនក្រីក្រ តាមរយៈការផ្តល់ជំនួយដល់ប្រជាជន ដែលមានជីវភាពខ្វះខាត។  មូលនិធិ ម៉េងលី ជេ. គួច នៅតែបន្តឆ្លើយតបក្នុងសកម្មភាពអភិវឌ្ឍនៅតាមជនបទ និងតំបន់ដាច់ស្រយាលនានា។  ពួកយើងមានឈាមជ័រតែមួយ ហេតុនេះពួកយើងទាំងអស់គ្នាចង់បង្ហាញដល់មនុស្សជំនាន់ក្រោយៗឱ្យបានឃើញថា ពួកយើងអាចជួយគ្នា ដើម្បីសេចក្តីសុខរបស់មនុស្សគ្រប់គ្នាទាំងពេលបច្ចុប្បន្ន និងទៅអនាគត។